ផឹកកាហ្វេ លាយជាមួយស្ករ ជួយពង្រឹង ការចងចាំ

មនុស្សជាច្រើន ផឹកកាហ្វេ ជារៀងរាល់ព្រឹក មុនពេល ចាប់ផ្តើមធ្វើការ របស់គេ ប៉ុន្តែការ ស្រាវជ្រាវថ្មី មួយបានបង្ហាញថា កាហ្វេនឹងផ្តល់ អត្ថប្រយោជន៍ កាន់តែច្រើន ថែមទៀត ចំពោះខួរក្បាល ប្រសិនបើគេផឹកវា លាយជាមួយស្ករ ។

អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ បាសេឡូណា ក្នុងប្រទេស អេស្ប៉ាញ បានរកឃើញថា ការផឹកកាហ្វេ និង ស្ករ នៅពេលតែមួយ ជួយជំរុញ សមត្ថភាព របស់ខួរក្បាល ច្រើនជាង ការផឹកកាហ្វេ ឬផឹកទឹក ដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះ អ្នក ស្រាវជ្រាវជឿជាក់ថា ទាំងកាហ្វេ និង ស្ករ បង្កើនប្រសិទ្ធភាព ឱ្យគ្នាទៅវិញទៅមក ក្នុងការជំរុញ សមត្ថភាព ខួរក្បាល ដូចជា ការចងចាំ និង ការយកចិត្ត ទុកដាក់ ល្អជាងមុនជាដើម ។

លទ្ធផលនៃការ ស្រាវជ្រាវនេះ ទទួលបានពី ការស្កេន ខួរក្បាល នៃអ្នកស្ម័គ្រចិត្ត ដែលអ្នកស្រាវជ្រាវ បានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេ ផឹកកាហ្វេ លាយជាមួយស្ករ ផឹកកាហ្វេសុទ្ធ អត់មានលាយស្ករ និង ហូបស្ករ ឬ ផឹកទឹកស្ករ ។

លទ្ធផលដែលគេ បានចុះផ្សាយ នៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករ គឺជាវិធីដ៏ល្អបំផុត ដើម្បីត្រៀម ខួរក្បាល សម្រាប់ថ្ងៃដ៏ មមាញឹក នាពេលខាងមុខ ។

សម្រាប់អ្នក ផឹកកាហ្វេ ដែលមិនចូលចិត្ត ផឹកជាមួយស្ករ ក៏ទទួលបាន អត្ថប្រយោជន៍ ដូចគ្នាដែរ ប្រសិនបើគេ ហូបអាហារ ដែលមាន សារធាតុស្ករ ពេលផឹកកាហ្វេ ។

យោងតាម សមាគមកាហ្វេ របស់អង់គ្លេស បានឱ្យដឹងថា ប្រជាជនអង់គ្លេស ផឹកកាហ្វេ ប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃ ដែលអ្នកផឹកកាហ្វេ ជាងពាក់កណ្តាល តែងលាយ ជាមួយស្ករ នៅពេលផឹក ។

គេធ្លាប់បាន ដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករ ជំរុញសមត្ថភាព ខួរក្បាល ហើយអាចការពា រភាពងងុយដេក និង ភាពហត់នឿយ ។

ការសិក្សាមុនៗ ថែមទាំងបាន អះអាងថា ការផឹកកាហ្វេ បីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតរោគភ្លេច ការចងចាំ បានយ៉ាងច្រើន គួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បាន ដឹងដែរថា សារធាតុគ្លុយកូស ដែលជា ស្ករមួយប្រភេទ គឺជាថាម ពលចម្បង ដែលកោសិកា ខួរក្បាលត្រូវការ ដើម្បីឱ្យបំពេញ មុខងារបានល្អ ។

អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការស្រាវជ្រាវ បង្ហាញថា ខួរក្បាលបំពេញ មុខងារកាន់តែ មានប្រសិទ្ធភាព នៅពេល ជាតិកាហ្វេអ៊ីន លាយឡំជាមួយ ជាតិស្ករ ។

បណ្ឌិត ហ្សូសេប សេរ៉ា ហ្គ្រាប៊ូឡូសា ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវ បាននិយាយថា “សារធាតុ ទាំងពីរនេះ ជំរុញសមត្ថភាព ខួរក្បាល ដោយបង្កើន ប្រសិទ្ធភាពនៃ ផ្នែកចំនួនពីរ នៃខួរក្បាលដែល គ្រប់គ្រងលើ ការយកចិត្តទុកដាក់ និង ការចងចាំ” ៕ សរសេរដោយ ភ្នំពេញដេលីញូវ

Related Post

អាហារ កាត់បន្ថយ ការស្រមុក

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

បរិភោគ ខ្ទឹមក្រហមច្រើន ភ្លេចច្រើន

ខ្ទឹមស អាចការពារ ប្រឆាំងនឹងរោគ ឈឺសន្លាក់ឆ្អឹង

ផ្លែបឺរី មានអត្ថប្រយោជន៍ ចំពោះភ្នែក យ៉ាងណា?

Leave a comment