Category Archives: Career & Development

អាថ៌កំបាំង៦ចំណុច ក្លាយជាបុគ្គលដ៏មានប្រជាប្រិយភាព

នៅ​ក្នុង​ជីវិត​រស់​នៅ​និង​កន្លែង​ការងារ​ចាំបាច់​ត្រូវ​មាន​ទំនាក់ទំនង។ មនុស្ស​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ភាគ​ច្រើន​តាម​រយៈ​ ការ​និយាយ ការ​សរសេរ កាយវិការ និង​ទឹក​មុខ​ជា​ដើម។ ការ​ប្រាស្រ័យ​ទាក់ទង​ល្អ អាច​ជួយ​ឲ្យ​យើង​សម្រេច​នូវ​គោល​ដៅ​បាន​​ដោយ​ងាយ។ តែ​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​នេះ​ គឺ​មិន​អាច​ចេះ​ដោយ​ឯងៗ​នោះ​ទេ វា​ត្រូវ​ការ​សិក្សា​រៀន​សូត្រ​ និង​ប្រតិបត្តិ​ជា​ប្រចាំ​ទើប​គ្រប់​យ៉ាង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ។ សូម​ចាំ​ថា​ ការ​និយាយ​ជា​រឿង​ងាយ​ តែ​ការ​និយាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​មិនមែន​ជា​រឿង​ងាយ​នោះ​ឡើយ។ មនុស្ស​គ្រប់រូប​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​គោលបំណង​ដើម្បី​ ផ្ដល់​ព័ត៌មាន​ បង្ហាញ​ពី​អារម្មណ៍​ លើក​ទឹក​ចិត្ត​ និង​ គ្រប់គ្រង។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​យុវវ័យ​ ជាមួយ​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ​ អ្នក​ត្រូវ​អនុវត្ត​គន្លឹះ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

. ភាព​ទាក់ទាញ​ដំបូង
ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត ថ្លៃថ្នូរ​ ទឹក​មុខ​ស្រស់ស្រាយ​ និង​កាយវិការ​សមសួន។ ធ្វើ​បែប​នេះ​ ជា​ចំណុច​ទាក់ទាញ​ដំបូង​បំផុត​របស់​មនុស្ស​ទូទៅ។

. ចរិយា មារយាទ
ប្រកាន់​ចរិយា មារយាទ​ថ្លៃថ្នូរ និង​មាន​វិន័យ​ក្នុង​ខ្លួន​ជា​និច្ច​។ បើ​ចរិយា មារយាទ​មិន​ល្អ​ មិន​ដឹង​ខុសត្រូវ ចាស់​ក្មេង​ទេ​នោះ​ ក៏​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែរ។

. សុជីវធម៌
សុជីវធម៌​ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ទេ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង។ ពេល​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ ត្រូវ​មាន​ការ​គោរព​និង​ផ្ដល់​តម្លៃ​គ្នា​ទៅវិញទៅមក ។

. ភាព​ស្មោះ​ត្រង់
សូម​ចាំ​ថា បើ​អ្នក​កាន់​តែ​ស្មោះ​ត្រង់​ នោះ​ទំនាក់ទំនង​របស់​អ្នក​ក៏​កាន់​តែ​រឹងមាំ​ផង​ដែរ។ ទំនាក់ទំនង​ល្អ​ គឺ​ជា​ផល​នៃ​ការ​ទុក​ចិត្ត។ នៅ​ពេល​ដែល​មនុស្ស​ស្គាល់​គ្នា​ដំបូង​ គឺ​ទាមទារ​ធំ​បំផុត​នូវ​ភាព​ស្មោះ​ត្រង់​នេះ​ឯង។ នៅ​ពេល​ដែល​យើង​អង្កេត​ឃើញ​ថា​ ពុំ​មាន​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ហើយ វិធី​ល្អ​ម្យ៉ាង​គត់​ គឺ​ត្រូវ​ដក​ខ្លួន​ចេញ​ដោយ​ស្ងៀម​ស្ងាត់ ដើម្បី​ជៀសវាង​នូវ​ជម្លោះ។

. របៀប​និយាយ
ការ​និយាយ​ត្រូវ​ឲ្យ​សម​ស្រប​នឹង​កាលៈទេសៈ ព្រមទាំង​ងាយ​យល់។ មិន​ត្រូវ​និយាយ​គ្មាន​ដឹង​ក្បាល​កន្ទុយ​ រញ៉េរញ៉ៃ​ ព្រោះ​ការ​និយាយ​គ្មាន​របៀប​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អស់​តម្លៃ។ បើ​អ្នក​និយាយ​ពី​រឿង​អ្វី​មួយ​ ហើយ​បែប​ជា​ឲ្យ​អ្នក​ស្ដាប់​ ដឹកនាំ​អ្នក​ពី​រឿង​នោះ​ទៅ​វិញ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អស់​ជំនឿ​លើ​អ្នក​។

. ការ​គោរព​ពាក្យ​សន្យា
ការ​មិន​ក្បត់​ពាក្យ​សន្យា​ ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​របស់​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ល្អ។ មនុស្ស​យើង​គ្មាន​តម្លៃ​ ដោយ​សារ​តែ​មិន​គោរព​ពាក្យ​សន្យា​នេះ​ឯង។ អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​សន្យា​ បើ​មិន​អាច​ធ្វើ​បាន​ទេ​ កុំ​សន្យា​ឲ្យ​សោះ។

Source: http://pascalhuor.wordpress.com/